ស្រី សាមិត

សត្វបក្សាបក្សី មាន់ ទា ស្រែកទ្រហឹងអឺងកងនៅជុំវិញខ្ទម។ ​​​​​​អ្នកស្មគ្រចិត្តកម្ពុជា ក្រលេកឃើញអ៊ំស្រីចំណាស់ម្នាក់ ដែលមានអាយុប្រហែល៨០ឆ្នាំ កំពុងអង្គុយក្រងស្បូវនៅពីមុខខ្ទមដែលគាត់រស់នៅ។ គាត់មានឈ្មោះ ស្រី មិត បច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ គាត់បានរៀបរាប់អំពីរឿងរ៉ាវរបស់គាត់មកកាន់ក្រុមការងារស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា៖  ខ្ញុំមានស្រុកកំណើតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំផ្លាស់មករស់នៅបាក់នឹមតាំងពីនៅសម្បូរព្រៃឈើ។ សព្វថ្ងៃខ្ញុំប្រកបមុខរបរលួសស្លឹកដូង និងដើរច្រូតស្បូវយកមកក្រងលក់។

 

រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចពីរបបខ្មែរក្រហម គឺខ្មែរក្រហមបានយកស្វាមីរបស់ខ្ញុំទៅសម្លាប់ ដោយសារគាត់គឺជាវេជ្ជបណ្ឌិតផ្នែកវះកាត់ ដែលរៀនសូត្របានជ្រៅជ្រះមានចំណេះដឹងខ្ពស់។ មុនពេលខ្មែរក្រហមយកគាត់ទៅសម្លាប់មានរថយន្តមួយបានមកនាំគាត់ភៀសខ្លួនទៅក្រៅប្រទេស ប៉ុន្តែគាត់មិនដាច់ចិត្តទៅចោលប្រពន្ធដែលកំពុងមានផ្ទៃពោះទេ។ ពេលនោះ ខ្ញុំបានប្រាប់គាត់ឲ្យចាកចេញទៅក្រៅប្រទេសដែរ ប៉ុន្តែគាត់មិនព្រមចាកចេញទុកខ្ញុំចោល។ គាត់ថាបើត្រូវខ្មែរក្រហមសម្លាប់ក៏សម្លាប់នៅស្រុកភូមិហ្នឹងចុះ។ រយៈពេលពីបីថ្ងៃក្រោយ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច មានរថយន្តមួយមកចាប់គាត់ដាក់ឡានទៅបើកថ្នាំនៅខេត្តកំពត ហើយគាត់ក៏បាត់ខ្លួនរហូតតាំងពីពេលនោះមក។ ក្រោយពីយកប្តីខ្ញុំទៅបាត់ ខ្មែរក្រហមលត់ដំធ្វើបាបខ្ញុំ ដោយចាត់ឲ្យខ្ញុំទៅរៀនសូត្រនៅក្រាំងស្បូវ បង្អត់បាយបង្អត់ទឹកក្នុងមួយថ្ងៃទទួលបានតែបាយមួយពំនូត។ ខ្ញុំធ្វើការងារធ្ងន់ជាច្រើនដូចជាលីស្រូវទាំងបាវៗ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបាត់បង់ស្វាមីនិងកូន។

អត្ថបទដោយ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ អៀង សុជា

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣

Share the Post:

Related Posts