តូយ ង៉ា

បន្ទាប់ពីយើងធ្វើដំណើរកាត់តាមវាលស្រែ ដែលសំម្បូរទៅដោយដើមដូង ដើមត្នោតដែលមានកម្ពស់រាប់ម៉ែត្រ យើងក្រលេកឃើញបុរសចំណាស់ម្នាក់ក្នុងវ័យប្រមាណ៧៦ឆ្នាំ កំពុងឡើងគាបទឹកត្នោតយកមករំងាស់ធ្វើស្ករត្នោត។ រាងកាយរបស់គាត់មានសភាពហត់នឿយ ដោយសារអាយុកាន់តែច្រើននិងធ្វើការងារហួសកម្លាំង។ អ៊ំប្រុសមានឈ្មោះ តូយ ង៉ា សព្វថ្ងៃគាត់រស់នៅពីរនាក់ប្រពន្ធ ដែលពិការភ្នែក និង មានវ័យប្រហាក់ប្រហែលគ្នា។ លោកអ៊ំ តូយ ង៉ា បាននាំអ្នកស្ម័គ្រចិត្ត ទៅមើលកន្លែងរំងាស់ទឹកត្នោតនៅផ្ទះគាត់។ គាត់បានរៀបរាប់អំពីរឿងរ៉ាវជីវិតដែលគាត់ចងចាំមិនភ្លេចពីរបបខ្មែរក្រហមមកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖

នៅមុនឆ្នាំ១៩៧៥  ខ្មែរក្រហមចាត់ខ្ញុំ ឲ្យទៅលើកទំនប់នៅស្ទឹងភេ។ បន្ទាប់ពី ខ្មែរក្រហមឡើងកាន់អំណាចក៏ចាត់ខ្ញុំឲ្យទៅកាប់ព្រៃ គាស់គល់ឈើនៅកោះស្លា។ ក្រោយមកទៀត ខ្មែរក្រហមចាត់ខ្ញុំឲ្យមកដាំពោតដាំដំឡូងនៅតំបន់ជួរភ្នំដំរីរមៀល។ នៅរដូវច្រូតចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមកដល់ ខ្ញុំក៏រត់ទៅដល់វត្តចករួចក៏ត្រឡប់មកភូមិវិញ។ រហូតមកដល់ពេលបច្ចុប្បន្ន ថ្វីត្បិតតែពេលវេលាកន្លងផុតទៅជិតកន្លះសតវត្សន៍ទៅហើយក្តី ខ្ញុំនៅខ្លាចស្នូរជួងមិនទាន់បាត់នៅឡើយ ដោយសារកាលពីរបបខ្មែរក្រហមរៀងរាល់ម៉ោង៤ព្រឹក ខ្ញុំតែងតែឮស្នូរជួងដាស់ប្រជាជនឲ្យក្រោកទៅធ្វើការងារនៅតាមកងចល័ត។ ខ្ញុំត្រូវក្រោកទៅភ្ជួរដី ដាំពោត ដាំដំឡូង ចាប់ពីម៉ោង៤ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបក្រោកហូបបបរ និង បន្តចុះធ្វើការងារចាប់ពីម៉ោង១រសៀលដល់ល្ងាចទើបសម្រាក។  ខ្ញុំបាត់បង់ប្អូនប្រុសបង្កើតម្នាក់ ដែលត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់នៅចម្ការសាម៉ាវខាងកើតទីរួមខេត្តកំពត។ ពេលនោះប្អូនប្រុសរបស់ខ្ញុំគឺជាអ្នកនេសាទបានវង្វេងផ្លូវចូលទៅក្នុងដែនទឹកវៀតណាម ត្រូវខ្មែរក្រហមចោទថាក្បត់អង្គការរួចយកទៅសម្លាប់។

អត្ថបទដោយ៖ ផាត ចាន់សុនិតា

Share the Post:

Related Posts