ពយ អ៊ូច

នៅក្បែរវត្តបាក់នឹម យើងក្រលេកពីចម្ងាយឃើញផ្ទះឈើមួយខ្នងមានដើមដូងព័ទ្ធជុំវិញ។ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា បានទៅជួបជាមួយបុរសម្នាក់វ័យប្រមាណ៦៤ឆ្នាំ ដែលកំពុងអង្គុយនៅក្រោមផ្ទះ។ គាត់មានឈ្មោះ ពយ អ៊ូច បច្ចុប្បន្នគាត់មានតួនាទីជាប្រធានភូមបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជាដំបូង អ្នកស្ម័គ្រចិត្តកម្ពុជាបានណែនាំខ្លួនទៅកាន់គាត់និងជម្រាបគាត់អំពីគោលបំណងនៃការចុះជួបលោកយាយលោកតាក្នុងភូមិ គឺដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

 

លោក ពយ អ៊ូច បានរៀបរាប់អំពីរឿងរ៉ាវភូមិបាក់នឹមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖ ពីដំបូងខ្ញុំមានស្រុកកំណើតនៅភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក។ នៅក្នុងរបបខ្មែរក្រហមអង្គការចាត់ខ្ញុំឲ្យទៅធ្វើជាកងទ័ពយាមល្បាតនៅតំបន់សមុទ្រ។ ខ្ញុំផ្លាស់ទីលំនៅមករស់នៅភូមិបាក់នឹមក្នុងឆ្នាំ១៩៩៧។ ពេលខ្ញុំមករស់នៅទីនេះដំបូង មានប្រជាជន១០ទៅ២០គ្រួសារប៉ុណ្ណោះ។ បន្ទាប់ពីឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមរស់នៅរាយប៉ាយមួយក្រុមៗ មានសមាជិកបួនទៅប្រាំនាក់នៅតាមបណ្តោយជួរភ្នំដំរីរមៀល។ ប្រជាជនរស់នៅតាមភូមិអំឡុងពេលនោះមានជីវភាពខ្វះខាត បានចូលព្រៃកាប់ឈើ និងច្រូតស្បូវលក់។ ដើម្បីអាស្រ័យផលព្រៃឈើដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនបានលួចលាក់ស្បៀងអាហារយកទៅឧបត្ថម្ភដល់ខ្មែរក្រហមរស់នៅលាក់ខ្លួនក្នុងព្រៃ។ ប្រធានកងវរៈសេនាធំរបស់ខ្មែរក្រហមគ្រប់គ្រងនៅភ្នំដំរីរមៀលឈ្មោះ ឡុង ឆាន់ មានមូលដ្ឋាននៅតំបន់តាកែនកោះស្លា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សំ បិត។ ថ្ងៃមួយពាក់កណ្តាលឆ្នាំ១៩៩៨ ឡុង ឆាន់ បានបញ្ជាកងទ័ពខ្មែរក្រហមទាំងយប់ឲ្យចុះចូលជាមួយរាជរដ្ឋាភិបាល។ ពេលនោះទាហានខ្មែរក្រហមទាំងអស់បាននាំគ្នាចុះពីលើភ្នំទៅសារភាពសុំចុះចូលនៅស្រុកឈូក។

 

អត្ថបទដោយ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ ណូន ឆៃឡែន

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

Share the Post:

Related Posts