ខៀវ សុផុន   

ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាធ្វើដំណើរជុំវិញភូមិដែលមានចម្ងាយឆ្ងាយ ប៉ុន្តែយើងមិននឿយហត់នោះទេ ដោយសារទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗដូចជា ការស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិម្នាក់ៗ និងរបៀបរស់នៅរបស់ប្រជាជនតាមភូមិដែលមានលក្ខណខុសគ្នាជាមួយនឹងការរស់នៅទីក្រុង។ យើងឈប់សម្រាកនៅផ្ទះអ្នកភូមិម្នាក់ និងមានការភ្ញាក់ផ្អើលចំពោះឈើធំៗដែលនៅខាងក្នុងផ្ទះរបស់គាត់។ នៅក្រោម ផ្ទះរបស់គាត់មានធុងបាសសម្រាប់ប្រគំតន្រ្តីកំដរនៅតាមកម្មវិធីនានាក្នុងភូមិ។             សមាជិកក្រុមអ្នកស្ម័គ្រចិត្តដ៏ឈ្លាសវៃរបស់យើងម្នាក់ឈ្មោះ ណូន ស្រីឡែន បានណែនាំខ្លួននិងសួរសុខទុក្ខទៅកាន់អ៊ំប្រុស។ គាត់មានឈ្មោះ ខៀវ សុផុន អាយុ៦៦ឆ្នាំ រស់នៅភូមិបាក់នឹម។ ​ក្នុង​របប​ខ្មែរក្រហម គាត់​មាន​អាយុ​ត្រឹម​តែ១៥ឆ្នាំ​ ​គាត់​បាន​ធ្វើ​អ្វី​​តាម​​បញ្ជា​របស់​អង្គការថ្នាក់លើ​ប៉ុណ្ណោះ។ កាលពីកុមារ គាត់រៀនដល់ថ្នាក់ទី៣។ នៅឆ្នាំ១៩៧៨ គាត់បានក្លាយទៅជាទាហានខ្មែរក្រហម មានតួនាទីយាមនិងការពារតំបន់ដែលគាត់រស់នៅ។ ក្នុង​របប​ខ្មែរ​ក្រហមគាត់​បាត់​បង់​ឪពុក និង​បង​ប្អូន​ពីរនាក់ ​ដែលត្រូវខ្មែរក្រហម​ចោទ​ប្រកាន់​ពី​បទ​លួច​អាហារ និងយកទៅសម្លាប់ចោល។ គាត់​ធ្លាប់​ឃើញ​ប្រជាជនដែលត្រូវខ្មែរក្រហម​​នាំ​ទៅ​រៀនសូត្រ ប៉ុន្តែ​មិនដែលឃើញមានអ្នកត្រឡប់មកវិញទេ។

 

អត្ថបទ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ ណូន ឆៃឡែន

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣

Share the Post:

Related Posts