ខ្លោត ទឿត

វេលា​ពេលព្រឹក​ដ៏​សែនត្រជាក់អមជាមួយទេសភាពខៀវស្រង៉ាត់នៅក្បែរជើងភ្នំ។ ​នៅ​ក្នុង​ភូមិមួយ​ក្បែរទំនប់ទឹកដ៏ធំក្រលេកមើលពីចម្ងាយផ្ទៃទឹកឆ្ងាយដាច់កន្ទុយភ្នែក ដែលជីកដោយប្រជាជននៅក្នុងរបបខ្មែរក្រហម។ ​​អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើដំណើរក្នុងភូមិក៏បានជួបអ៊ំស្រីម្នាក់កំពុងអង្គុយលួសស្លឹកដូងនៅក្រោមដើមដូងក្រោយផ្ទះ។ ​អ៊ំស្រីឈ្មោះ ខ្លោត ទឿត ​អាយុ៧៣ឆ្នាំ។ គាត់​បានរៀបរាប់​រឿងរ៉ាវនៅក្នុងអំឡុងរបបខ្មែរក្រហមមកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖ ខ្ញុំកើតក្នុងត្រកូលគ្រួសារក្រីក្រ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ កាលពីកុមារ ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ក៏ឈប់រៀនជួយធ្វើការងារឪពុកម្តាយ។ នៅរបបខ្មែរក្រហមខ្មែរក្រហម ខ្ញុំត្រូវអង្គការចាត់ឲ្យធ្វើការងារកងចល័តជីកប្រឡាយជម្រៅ២ម៉ែត្រ ទទឹង២ម៉ែត្រក្នុងមួយថ្ងៃ នៅឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅរដូវច្រូតស្ទូងខ្ញុំត្រូវក្រោកធ្វើការងារម៉ោង៤ព្រឹកដល់ម៉ោង៦ល្ងាច។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបាត់បង់បងប្រុស៥នាក់ ដែលចូលធ្វើទាហានហើយបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ បងប្រុសបាត់ខ្លួនទាំងប្រាំនាក់រួមមាន បងឆៃ បងតេង បងឆែត បងសំ និងម្នាក់ទៀតភ្លេចឈ្មោះ។  បន្ទាប់ពី សង្រ្គាមបានបញ្ចប់ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅភូមិបាក់នឹមក្បែរទំនប់ម្លេចនិងចាប់ផ្តើមប្រកបមុខរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

អត្ថបទ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ ណូន ឆៃឡែន

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣

Share the Post:

Related Posts