ចាន់ ថី

ក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរទៅកាន់ភូមិដោយឆ្លងកាត់ព្រៃ។ យើងបានមកដល់ខ្ទមតូចមួយដែលមានដំបូលប្រក់ស្បូវ។ នៅក្បែរសសរផ្ទះយើងក្រលេកឃើញលោកយាយម្នាក់និងឆ្កែរបស់គាត់។ គាត់ស្វាគមន៍យើងដោយស្នាមញញឹម និងអញ្ជើញយើងចូលទៅលេងផ្ទះរបស់គាត់។ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាម្នាក់ឈ្មោះ អៀង សុជា បានធ្វើការសម្ភាសន៍ទៅកាន់លោកយាយ។ គាត់មានឈ្មោះ ចាន់ ថី អាយុ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ លោកយាយបានរៀបរាប់បង្ហាញអំពីអតីតកាលដ៏ខ្មៅងងឹតនៅក្នុងរបបខ្មែរក្រហមថា គាត់ត្រូវបានអង្គការចោទថាលួចមាស ទាំងដែលគាត់មិនបានធ្វើ។ គាត់ស្ទើរតែនឹងត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅពេលនោះ។ គាត់គឺជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារ ដូច្នេះគាត់ត្រូវធ្វើការងារ ដោយមិនបានរៀនសូត្រនោះទេ។ ម្តាយរបស់គាត់ត្រូវខ្មែរក្រហមជម្លៀសទៅកាន់កោះធំ ខេត្តតាកែវ ហើយត្រូវធ្វើការងារជាទម្ងន់។ លោកយាយរៀបរាប់បន្តទៀតថា គាត់ធ្លាប់បានឃើញការទម្លាក់គ្រាប់បែកពីលើអាកាស ដោយផ្ទាល់។ គាត់ចាំថា នៅថ្ងៃមួយគ្រាប់បែកធ្លាក់ក្បែរគាត់ នៅពេលដែលគាត់កំពុងព្យាយាមសង្រ្គោះទារកនៅក្រោមតង់ ប៉ុន្តែជាសំណាងល្អគាត់បានរួចផុតពីអំបែងគ្រាប់បែកផ្ទុះទើបអាចមានជីវិតរស់នៅ។

លោកយាយក៏បានរៀបរាប់អំពីទុក្ខលំបាក ដែលគាត់បានឆ្លងកាត់ដូចជាការបរិភោគអាហារមិនគ្រប់គ្រាន់ និងហូបបបរលាយពោត។ ពេលខ្លះគាត់អង្វរសុំអាហារពីចុងភៅសហករណ៍រោងបាយក្នុងភូមិ ប៉ុន្តែចុងភៅមិនឲ្យហើយថែមទាំងជេរគាត់ថាឲ្យឆ្កែស៊ីប្រសើរជាង។ នៅអំឡុងរបបខ្មែរក្រហម គាត់ធ្វើការងារដូចជាជីកប្រឡាយ លើកទំនប់ជាដើម។ គាត់ធ្វើការងារទាំងនេះនៅទំនប់ម្លេច ព្រោះគាត់នៅក្មេង។

 

អត្ថបទដោយ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ អៀង សុជា

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣

 

Share the Post:

Related Posts