ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាធ្វើដំណើរជុំវិញភូមិដែលមានចម្ងាយឆ្ងាយ ប៉ុន្តែយើងមិននឿយហត់នោះទេ ដោយសារទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗដូចជា ការស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិម្នាក់ៗ និងរបៀបរស់នៅរបស់ប្រជាជនតាមភូមិដែលមានលក្ខណខុសគ្នាជាមួយនឹងការរស់នៅទីក្រុង។ យើងឈប់សម្រាកនៅផ្ទះអ្នកភូមិម្នាក់ និងមានការភ្ញាក់ផ្អើលចំពោះឈើធំៗដែលនៅខាងក្នុងផ្ទះរបស់គាត់។ នៅក្រោម ផ្ទះរបស់គាត់មានធុងបាសសម្រាប់ប្រគំតន្រ្តីកំដរនៅតាមកម្មវិធីនានាក្នុងភូមិ។ សមាជិកក្រុមអ្នកស្ម័គ្រចិត្តដ៏ឈ្លាសវៃរបស់យើងម្នាក់ឈ្មោះ ណូន ស្រីឡែន បានណែនាំខ្លួននិងសួរសុខទុក្ខទៅកាន់អ៊ំប្រុស។ គាត់មានឈ្មោះ ខៀវ សុផុន អាយុ៦៦ឆ្នាំ រស់នៅភូមិបាក់នឹម។ ក្នុងរបបខ្មែរក្រហម គាត់មានអាយុត្រឹមតែ១៥ឆ្នាំ គាត់បានធ្វើអ្វីតាមបញ្ជារបស់អង្គការថ្នាក់លើប៉ុណ្ណោះ។ កាលពីកុមារ គាត់រៀនដល់ថ្នាក់ទី៣។ នៅឆ្នាំ១៩៧៨ គាត់បានក្លាយទៅជាទាហានខ្មែរក្រហម មានតួនាទីយាមនិងការពារតំបន់ដែលគាត់រស់នៅ។ ក្នុងរបបខ្មែរក្រហមគាត់បាត់បង់ឪពុក និងបងប្អូនពីរនាក់ ដែលត្រូវខ្មែរក្រហមចោទប្រកាន់ពីបទលួចអាហារ និងយកទៅសម្លាប់ចោល។ គាត់ធ្លាប់ឃើញប្រជាជនដែលត្រូវខ្មែរក្រហមនាំទៅរៀនសូត្រ ប៉ុន្តែមិនដែលឃើញមានអ្នកត្រឡប់មកវិញទេ។
អត្ថបទ៖ ផាត ចាន់សុនិតា
សម្ភាសន៍ដោយ៖ ណូន ឆៃឡែន
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣