រឿងរ៉ាវភូមិបាក់នឹម

នៅវេលាថ្ងៃរសៀលអ្នកស្ម័គ្រចិត្តកម្ពុជាធ្វើដំណើរតាមផ្លូវលំ កាត់ព្រៃឈើតូចធំក៏មកដល់ចម្ការស្វាយចន្ទីមួយកន្លែងមានពណ៌ខៀវស្រងាត់នៅជាប់ជើងភ្នំដំរីរមៀល។ បន្ទាប់ពី យើងដើរចូលទៅក្នុងចម្ការមួយសន្ទុះក៏ឃើញមានកូនខ្ទមមួយសង់នៅកណ្តាលចម្ការស្វាយចន្ទី។ យើងក្រលេកឃើញបុរសម្នាក់កំពុងអង្គុយនៅក្នុងខ្ទមចាំចម្ការ។ គាត់ឈ្មោះ ង៉ែត សំ គឺជាម្ចាស់ចម្ការស្វាយចន្ទី និងជាអ្នកដែលចូលមករស់នៅតំបន់បាក់នឹមនេះតាំងពីដំបូងៗ។

 

គាត់បានរៀបរាប់អំពីប្រវត្តិភូមិបាក់នឹមមកកាន់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖ ខ្ញុំចូលមកកាន់តំបន់បាក់នឹមជាមួយឪពុកកាប់ព្រៃ តាំងពីនៅកុមារ។ កាលពីដើម បាក់នឹមជាឈ្មោះតំបន់មួយ ដែលសំបូរទៅដោយព្រៃឈើក្រាស់ឃ្មឹកមិនទាន់មានឈ្មោះជាភូមិនិងមានអ្នកភូមិរស់នៅទេ។ ប្រជាជនមិនហ៊ានចូលមកតំបន់បាក់នឹមនេះ ដោយសារខ្លាចវង្វេងក្នុងព្រៃនិងខ្លាចសត្វសាហាវ មានតែអ្នកដើរព្រៃកាប់ឈើប៉ុណ្ណោះដែលហ៊ានចូលទៅ។ ពីមុនផ្លូវទៅកាន់តំបន់បាក់នឹមមានច្រកចេញចូលតែមួយប៉ុណ្ណោះ។ ច្រកនោះជាជ្រលងទឹកហូរមានភ្នំអមសងខាងនិងមានដុំថ្មរធំៗ រមៀលធ្លាក់ចុះពីលើភ្នំ។ ពេលដែលអ្នកចូលព្រៃបរទេះដឹកឈើមកដល់ត្រង់ចំណុចច្រកចេញចូលតំបន់ភាគច្រើនត្រូវផ្លូករទេះបាក់នឹមគោ។ ក្រោយមក ក៏ជាប់ឈ្មោះតំណាលតៗហៅថាបាក់នឹម។

 

បន្ទាប់ពីឆ្នាំ១៩៧៩ តំបន់បាក់នឹមជួរភ្នំដំរីរមៀលរហូតដល់តំបន់តាកែនកោះស្លា ក្លាយទៅជាជម្រកព្រៃលាក់ខ្លួនរបស់ចលនាខ្មែរក្រហម ដែលតែងតែចុះមកបាញ់ប្លន់រថយន្តអ្នកដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ និងវាយប្រហារផ្លោងគ្រាប់ទៅលើប៉ុស្តិ៍រដ្ឋបាលនិងសាលាឃុំរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ទាហានខ្មែរក្រហមបានរាយបង្កប់មីននៅពាសពេញក្នុងព្រៃ។ ទាហានខាងសាធាររដ្ឋប្រជាមានិតកម្ពុជាមិនហានចូលទៅក្នុងព្រៃនោះឡើយ ដោយសារខ្លាចជាន់មីននិងខ្លាចទ័ពព្រៃខ្មែរក្រហមសម្លាប់។ ក្រោយមក នៅអំឡុងទស្សវត្សន៍ឆ្នាំ១៩៩០ ទើបមានការធ្វើសមាហរកម្មចុះចូលជាមួយរដ្ឋាភិបាលជាបណ្តើរៗ ទាហានខ្មែរក្រហមទាំងនោះនាំគ្នាចុះពីលើភ្នំមករស់នៅតាមជើងភ្នំ និងចាប់ផ្តើមមានប្រជាជនចូលទៅកាប់គាស់ដីព្រៃដើម្បីធ្វើស្រែចម្ការ។ នៅអំឡុងឆ្នាំ២០០០ មានការបង្កើតវត្តបាក់នឹម និងមានទាហានកងពលតូចលេខ៣១ ចូលទៅតាំងមូលដ្ឋានទ័ពនៅតំបន់បាក់នឹម។ សព្វថ្ងៃភូមិបាក់នឹមមានប្រជាជនរស់នៅប្រមាណ៤៧០គ្រួសារ។

Share the Post:

Related Posts