ង៉ែត សំ

ខ្ញុំឈ្មោះ ង៉ែត សំ ភេទប្រុស កើតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៦១។ មកដល់សព្វថ្ងៃ ខ្ញុំមានអាយុ៦២ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិកសិករ ឃុំស្រឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ ខ្ញុំចូលរៀន នៅសាលាវត្តអង្គស្តុកក្នុងឆ្នាំ១៩៦៨។ រហូតដល់ថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចសីហនុពីព្រះប្រមុខរដ្ឋ ដោយសេនាប្រមុខ លន់ នល់  ថ្ងៃ១៨មីនា ឆ្នាំ១៩៧០ ខ្ញុំមិនសូវបានរៀនជាប់ដូចពីមុនទេ ដោយសារសង្រ្គាមរត់គេចគ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក។  នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពី ខ្មែរក្រហមឡើងកាន់អំណាចបានជម្លៀសក្រុមគ្រួសារខ្ញុំទៅកាន់ភូមិ៤ ឃុំព្រៃយុទ្ធថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ព្រំដែនវៀតណាម។ ពេលនោះខ្មែរក្រហមចាត់ឲ្យខ្ញុំឲ្យឃ្វាលគោជាមួយកងតាតា រហូតដល់ឆ្នាំ១៩៧៦ អង្គការផ្លាស់ខ្ញុំមកនៅក្រុមកងកុមារក្លាហានធ្វើការងារកងចល័តនៅ ភូមិបន្ទាយភ្នាយ ឃុំព្រៃបាយ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ខ្ញុំរស់នៅទីនោះមានចម្ងាយឆ្ងាយពីឪពុកម្តាយប្រហែលជាង២០ គីឡូម៉ែត្រ។ ការងាររបស់ខ្ញុំគឺជីកប្រឡាយ លើកទំនប់ ធ្វើស្រែបីដងក្នុងមួយឆ្នាំ។ នៅចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាមវាយចូលកាន់កាប់ស្រុកកោះអណ្តែតទាំងស្រុង មិនយូប៉ុន្មានកងទ័ពខ្មែរក្រហមក៏វាយដណ្តើមយកមកវិញ។ ពេលនោះ ខ្ញុំត្រូវអង្គការយកទៅផ្ញើនៅតាមកងចល័តនៅភូមិពោន ឃុំអង្គុញ ស្រុកទ្រាំង ខេត្តតាកែវ។

 

អំឡុងពេលនោះ ខ្ញុំត្រូវប្រធានកងចល័តយល់ច្រឡំថា ជាមនុស្សដែលអង្គការបញ្ជូនពីព្រំដែនវៀតណាម ហេតុនេះហើយទើបប្រធានកងចល័តចោទរូបខ្ញុំថា គឺជាខ្មែរកម្ពុជាក្រោមដោយធ្វើការលត់ដំឲ្យខ្ញុំធ្វើការងាររែកដី ជីកប្រឡាយជាទម្ងន់។ ពេលព្រឹក ខ្ញុំរែកដីចំនួន២ម៉ែត្រគីបកន្លះ និងពេលរសៀលចំនួន២ម៉ែត្រគីបកន្លះ។ ប្រសិនបើ ខ្ញុំធ្វើការមិនរួចតាមផែនការកំណត់ទេ ត្រូវធ្វើការងារពេលយប់បន្ថែម និង មិនទទួលបានរបបអាហារនោះទេ។ ដោយសារតែ ខ្ញុំធ្វើការងារលើសកម្លាំង និង ខ្វះខាតអាហារ ខ្ញុំក៏ធ្លាក់ខ្លួនឈឺ។ ខ្មែរក្រហមចោទ ខ្ញុំថាធ្វើពុតជាឈឺគេចវេសពីការងារក៏វាយដំរូបខ្ញុំ កុំឲ្យអ្នកផ្សេងទៀតយកគម្រូតាម។ ខ្មែរក្រហមបែងចែកកម្លាំងធ្វើការងារក្នុងមួយពួកមាន៦នាក់ មួយក្រុមមាន១២នាក់ និង​ មួយកងមានមនុស្សចំនួន៣០នាក់, ៥០នាក់ និងរហូតទៅដល់១០០នាក់។ កងកម្លាំងពួកប្រជុំតិទៀនចំនួន៣ថ្ងៃម្តង។ ចំណែកកងកម្លាំងក្រុម ប្រជុំតិទៀននិងបូកសរុបការងាររយៈពេល៦ថ្ងៃម្តង។ ការប្រជុំរួមគ្នាក្នុងមួយខែបីដង ដោយប្រជុំនៅរៀងរាល់ថ្ងៃទី១០ ទី២០ និងទី៣០។ មុនពេលកិច្ចប្រជុំចាប់ផ្តើមមានការស្រែកជ័យឃោសបីដង និង ប្តេជ្ញាបីដង រួចទើបធ្វើដំណើរជាជួរទៅប្រជុំនៅកន្លែងបដិវត្តន៍។

 

នៅក្នុងស្រុករបស់ខ្ញុំនៅក្នុងរបបខ្មែរក្រហម មានមន្ទីរសន្តិសុខដូចជា មន្ទីរតាម៉ន នៅក្នុងភូមិអង្គក្រូវ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានសម្លាប់ប្រជាជនចំនួនប្រហែលជាងបីម៉ឺននាក់ និងទីតាំងសម្លាប់មនុស្សមួយកន្លែងទៀតស្ថិតនៅភូមិក្របៀត​ ក្នុងតំបន់ភ្នំក្រិល ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ នៅពេលខ្ញុំនឹកឃើញដល់របបខ្មែរក្រហមមានការឈឺចាប់ខ្លោចផ្សាមិនអាចបំភ្លេចបានឡើយ ខ្ញុំមានអារម្មណ៍ហាក់ដូចជារឿងទាំងអស់នោះទើបនឹងកើតឡើងថ្មីៗពីម្សិលមិញ។ ខ្ញុំបាត់បង់ពូម្នាក់នៅក្នុងរបបខ្មែរក្រហមដោយសារគាត់គឺជាអតីតទាហាន លន់ នល់ ។

 

អត្ថបទ៖ ផន វន្នី

ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣

 

Share the Post:

Related Posts