ចាប ថា

ខ្ញុំឈ្មោះ ចាប ថា ភេទស្រី អាយុ៥៦ឆ្នាំ កើតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៦៧។ បច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំបានរៀនខ្លះដែរ ប៉ុន្តែរៀនមិនបានជាប់នោះទេ ដោយសារសម័យ លន់ នល់ ផ្ទុះសង្រ្គាម ខ្ញុំត្រូវរត់គេចគ្រាប់ផ្លោង និង យន្តហោះទម្លាក់គ្រាប់បែក។ រហូតដល់ឆ្នាំ១៩៧៥ ខ្ញុំមានវ័យជំទង់ បន្ទាប់ពីខ្មែរក្រហមទទួលជ័យជំនះឡើងកាន់អំណាច ខ្មែរក្រហមរៀបចំបែងចែកជាកងកម្លាំង ដើម្បីបែកចែកឲ្យប្រជាជនធ្វើការងារគ្រប់ៗគ្នាទាំងអស់ ដោយមិនឲ្យនណាម្នាក់នៅទំនេរឡើយ។ ចំណែកខ្ញុំមានសុខភាពមិនសូវរឹងមាំ អង្គការបានចាត់ឲ្យទៅចិញ្ចឹមជ្រូកមាន់ទា ជាមួយយាយៗ ដោយចំណីសត្វមានក្រុមខាងពាណិជ្ជកម្មជាអ្នកផ្តល់ឲ្យនូវកន្ទក់ និងចុងអង្ករសម្រាប់យកទៅដាក់បបរឲ្យជ្រូកស៊ី។ សត្វជ្រូកមាន់ទា គ្មានថ្នាំដង្កូវសម្រាប់ព្យាបាលនោះទេ ប៉ុន្តែសត្វទាំងនោះមិនដែលឈឺឬងាប់ទេ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនដែលបានហូបឆ្អែតម្តងណាទេ ហូបតែបបរ។ អង្គការបានហាមយើងទាំងអស់គ្នាថា ប្រសិនបើអង្គការមិនអនុញ្ញាតគ្មានសិទ្ធិទៅផ្ទះឬធ្វើដំណើរទៅណាមកណាដោយសេរីនោះទេ ព្រោះអង្គការភ្នែកម្នាស់ធ្វើអ្វីក៏អង្គការដឹងដែរ។ ខ្ញុំរស់នៅតាមការតាមដានរបស់កងឈ្លបនិងមេកងរាល់ថ្ងៃ។ កងឈ្លបទាំងនោះតាមដានខ្លាចខ្ញុំលួចចុងអង្ករ ឬ មាន់ ទា ដោយគម្រាមថាបើនណាហ៊ានលួចរបស់អង្គការ នោះអង្គការបដិវត្តន៍នឹងកំទេចចោល ព្រោះជាខ្មាំងប្រឆាំងនឹងបដិវត្តន៍។ មេកងលើកឡើងថា សមមិត្តឯងទាំងអស់គ្នាត្រូវតែជម្រះចោល កំអែលសក្តិភូមិ នាយទុនប្រតិកិរិយានិយមចាស់គំរិលចោលឲ្យអស់ ដោយឈប់ហៅគ្នាថាបងប្អូនទៀតត្រូវហៅសមមិត្តបង, សមមិត្តប្អូន, សមមិត្តយោធា តាមអង្គការជាដាច់ខាត។ កាលនោះ ប្រជាជនម្នាក់ៗមានភាពភ័យខ្លាចណាស់ ព្រោះខ្ញុំធ្លាប់ឃើញលោកយាយធ្វើការជាមួយគ្នាមួយចំនួន ត្រូវអង្គការចាប់យកទៅហើយមិនដែលឃើញត្រឡប់មកវិញនោះទេ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនដែលបានជួបជុំគ្រួសារទេ ដោយសារឪពុកនិងម្តាយរបស់ខ្ញុំរស់នៅកងផ្សេង។

Share the Post:

Related Posts