ឈូក អូន

ខ្ញុំឈ្មោះ ឈូក អូន ឈ្មោះហៅក្រៅយាយ វង្ស កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៩។ បច្ចុប្បន្ន ខ្ញុំមានអាយុ៦៤ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានឪពុកឈ្មោះ ឈូក អាន និងម្តាយឈ្មោះ ម៉ុល គង់ និងមានបងប្អូនចំនួន០៥នាក់ ស្រី០៣នាក់។ ខ្ញុំចូលរៀននៅឆ្នាំ១៩៦៦ នៅវត្តបន្លាស្អិតដល់ថ្នាក់ទី០៩ ពីសង្គមក៏ឈប់រៀន។ នៅអំឡុងឆ្នាំ១៩៧០ នៅក្នុងភូមិក្រាំងស្បូវ និងភូមិដូនយ៉យ មានយន្តហោះទម្លាក់គ្រាប់បែក ទម្លាក់ភ្លើង និងបាញ់រះមកលើផ្ទះប្រជាជននៅដែលរស់នៅក្នុងភូមិ។ ថ្ងៃខ្លះខ្ញុំលាក់ខ្លួនពួនរៀនដោយខ្លួនឯងនៅក្នុងទ្រុងមាន់ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ ខ្ញុំឈប់រៀនជួយធ្វើការងារស្រែចម្ការនិងរែកបន្លែដើរលក់ ដើម្បីរកថវិកាមកផ្គត់ផ្គង់ជីវភាពគ្រួសាររហូតដល់ឆ្នាំ១៩៧៥។

 

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គការចាត់ឲ្យចូលធ្វើការងារជានារីកងចល័ត លើកទំនប់ឃុំ ដែលមានទីតាំងនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បន្ទាប់ពីលើកទំនប់នៅទីនោះរួច​ មេកងចាត់ឲ្យខ្ញុំទៅលើកទំនប់អាង នៅភូមិត្រពាំងបឹង ឃុំឈូក ស្រុកឈូក វិញម្តង។ បន្ទាប់មកទៀត ប្រធាបកងចល័ត បញ្ជូនខ្ញុំទៅលើកទំនប់កោះស្លា ប៉ុន្តែស្ថានភាពរស់នៅកោះស្លាជួបការពិបាកជាខ្លាំង ដោយខ្ញុំមានតែសម្លាក់បំពាក់មួយ និងកន្សែងធ្វើពីក្រណាត់សំពត់មួយ។  ខ្ញុំត្រូវអង្គការចាត់ឲ្យធ្វើការងារចាប់ពីម៉ោង៤ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបសម្រាកហូបបាយ។ បន្ទាប់ពី សម្រាកហូបបាយរយៈពេលកន្លះម៉ោង មេកងក៏វាយជួងជាសញ្ញាឲ្យចុះធ្វើការងារបន្តរហូតដល់ម៉ោង៦ល្ងាចទើបបានសម្រាក។ ចំពោះរបបអាហារក្នុងមួយថ្ងៃ ខ្ញុំទទួលបានបាយជាមួយសម្លរព្រលិត សម្លរផ្ទី និង សម្លរល្ពៅ ពីរពេល។ ដោយសារតែកង្វះអាហារនិងធ្វើការងារហួសកម្លាំង ខ្ញុំក៏ធ្លាក់ខ្លួនឈឺហើមជើង និងរាងកាយមានសភាពស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹង។ ថ្ងៃខ្លះ ខ្ញុំឃ្លានពេកក៏ហូបត្រួយផ្ចឹកជំនួសបាយ។​ ក្រោយមក ខ្ញុំក៏ធ្លាក់ខ្លួនឈឺធ្ងន់ ប្រធានកងចល័តនារីរបស់ខ្ញុំឈ្មោះ យាយ យឹង និងយាយ កឿន បានបញ្ជូនខ្ញុំ មកសម្រាកព្យាបាលនៅមន្ទីរបំប៉ន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងវ៉ាយ។

 

មានថ្ងៃមួយម្តាយរបស់ខ្ញុំឈឺ ខ្ញុំសូមច្បាប់ពីប្រធានកងចល័ត ដើម្បីទៅមើលម្តាយឈឺនៅសហករណ៍ភូមិក្រាំងស្បូវ។ មុននឹងប្រធានកងអនុញ្ញាតច្បាប់ឲ្យខ្ញុំ គាត់នៅពិចារណា និងស៊ើបទៅប្រធានភូមិថាម្តាយរបស់ខ្ញុំឈឺពិតប្រាកដមែនទើបយល់ព្រមឲ្យខ្ញុំឈប់បានមួយថ្ងៃទៅមើលម្តាយឈឺ។ ពេលខ្ញុំដើរទៅដល់ផ្ទះដល់ពេលដែលម្តាយរបស់ខ្ញុំត្រឡប់មកវិញ។ ម្តាយរបស់ខ្ញុំបានលួចយកបាយក្តាំងពីរោងបាយសហករណ៍យកមកឲ្យខ្ញុំយកទៅហូបនៅកន្លែងធ្វើទំនប់កោះស្លា។ ពេលខ្ញុំដើរត្រឡប់មកវិញ បានជួបនឹងប្រធានកង ដឹងថាខ្ញុំយកបាយក្តាំងពីរោងបាយសហករណ៍មកតាមខ្លួន។ ក្រុមគណៈកងទាញកាំបិតហាន់ដើមចេកដេញកាប់ខ្ញុំ។ ខ្ញុំយកបាយក្តាំងទៅទុកនៅរោងសហករណ៍វិញ ដោយគំរាមថាប្រសិនខ្ញុំហ៊ានយកបាយក្តាំងនោះទៅនឹង​សម្លាប់ម្តាយខ្ញុំចោល។  នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមក៏បានវាយលុកចូល ពេលនោះខ្ញុំលួចរត់ចេញពីកងចល័ត។ ខ្ញុំរត់ឡើងទៅលើភ្នំមនោណុប និង ភ្នំលះបង់ក៏បានជួបជាមួយទាហ៊ានវៀតណាម។ ទាហានវៀតណាមបានបញ្ជូនខ្ញុំទៅឲ្យប្រធានភូមិឈើទាល ឃុំឈើទាល ស្រុកឈូក។ បន្ទាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨០។ ខ្ញុំវិលត្រឡប់មកស្រុកកំណើតនិងរស់នៅជួបជុំជាមួយម្តាយវិញ ក៏ប្រកបការងារធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម  ខ្ញុំបាត់បង់បងប្អូនអស់ចំនួន៣នាក់ ដោយស្លាប់ម្នាក់ឈ្មោះ ឈូក សារ៉ែន និងពីរនាក់ទៀតបាត់ដំណឹងរហូតមកដល់បច្ចុប្បន្នមិនដឹងថានៅរស់រានមានជីវិតឬស្លាប់នោះទេ។ ចំពោះអារម្មណ៍របស់ខ្ញុំនឹកឃើញនៅជីវប្រវត្តិ ដែលខ្ញុំបានឆ្លងកាត់របបខ្មែរក្រហម។

Share the Post:

Related Posts