ញែម ហ៊ុន

ខ្ញុំឈ្មោះ ញែម ហ៊ុន ភេទស្រី អាយុ៦៣ឆ្នាំ កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦០ មានទីកន្លែងកំណើតនៅភូមិធ្មារ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានឪពុក ឈ្មោះញែម យុន និងម្តាយឈ្មោះ ជុំ សឿន។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី៤នាក់។ កាលពីកុមារខ្ញុំចូលរៀនអក្ខរកម្មបានបន្តិចបន្តួចដែរ ហើយរៀននៅតាមក្រោមម្លប់ឈើ នៅឆ្នាំ១៩៦៩ នៅក្នុងភូមិ ឃុំស្រុក ស្ងប់ស្ងាត់សង្រ្គាមម្តងៗ។

 

ក្រោយមកនៅឆ្នាំ១៩៧១ ខ្ញុំបានចូលធ្វើការងារជាកងចល័តនារីដំបូងនៅតន់ហន់។ ព្រំប្រទល់ប្រទេសវៀតណាម។ ការងាររបស់ខ្ញុំនៅពេលនោះគឺជីកប្រឡាយ រ៉ែកទំនប់ ​​នៅភូមិលកតន់ហន់ ។ លុះដល់រដូវធ្វើស្រូវវស្សា ខ្ញុំត្រូវប្រធានកងប្រើឲ្យសាបព្រួសពូជស្រូវជាមុន។ លុះពូជស្រូវក្លាយជាសំណាបត្រូវដកយកទៅស្ទូង ពេលស្ទូងរួចត្រូវមើលថែសន្ទូងរហូតដល់ស្រូវទុំ ត្រូវច្រូតប្រមូលផលយកទៅទុកនៅអង្គភាពរបស់អង្គការ ដើម្បីត្រៀមទុកធ្វើជាស្បៀងសម្រាប់កងទ័ពរបស់យើងនៅពេលមានសង្រ្គាម កើតឡើង និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ពួកយើងជាកងចល័ត។ ក្រោយមកនៅឆ្នាំ១៩៧៣ សង្រ្គាមបានកើតឡើងរវាងកងកម្លាំងកងទ័ព ប៉ុល ពត ជាមួយកងកម្លាំងទាហានវៀតណាម ស្របពេលនាងខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យទៅសែងកងទ័ពត្រូវរបួសយកមកព្យាបាល និងសែងអ្នកត្រូវគ្រាប់ស្លាប់ចេញពីសមរភូមិមកក្រោយយកទៅកប់នៅកំពង់ត្រាចរហូតដល់ឆ្នាំ១៩៧៥។

 

ក្រោយពីរបបខ្មែរក្រហមឡើងកាន់អំណាច អង្គការបានចាត់ខ្ញុំឲ្យទៅរស់នៅធ្វើការលើកទំនប់ជីកប្រឡាយនៅតំបន់ទំនប់ម្លេច ចំពោះការហូបចុកវិញក្នុងមួយថ្ងៃទទួលបានរបបអាហារពីរពេល គឺថ្ងៃត្រង់និងពេលល្ងាច។  បបរអង្ករតែ២កំប៉ុង។ ខ្ញុំចាប់ផ្តើមធ្វើការងារចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១១កន្លះថ្ងៃត្រង់ទើបសម្រាកហូបបាយ និងបន្តចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច ទើបសម្រាកមុជទឹក ហូបបបរ និងចូលដេក។ រីឯការស្លៀកពាក់វិញគឺមានតែអាវ និងសំពត់ខ្មៅ២កំប្លេរចាស់ៗ និងក្រម៉ាមួយនិងតម្រូវឲ្យកាត់សក់ត្រឹមកគ្រប់គ្នា។ ខ្ញុំនៅកងចល័តនារី រហូតដល់ឆ្នាំ១៩៧៩ ក៏មានគ្រាប់ផ្លោងរបស់ទាហានវៀតណាមមកលើប្រជាជនខ្មែរនៅតំបន់ភ្នំខ្វាម និងភ្នំសំបុកមាន់ ខាងកើតស្រុកកោះអណ្តែត ខេត្តតាកែវ។ នៅពេលមានការផ្លោងគ្រាប់កំភ្លើងតូចធំ ទម្លាក់គ្រាប់ និងគ្រាប់កាំភ្លើងចូល ខ្ញុំរត់មកចូលស្រុកកំណើតវិញ។ បន្ទាប់មកខ្ញុំក៏រត់បន្តទៅខាងលើម្តុំភ្នំនារាយ ស្រុកឈូក ខេត្តកំពត ទើបបានជួបជាមួយឪពុកម្តាយ បងប្អូនក្រុមគ្រួសារ។ ពេលខ្ញុំរត់ដល់ភូមិនោះខ្ញុំមិនបានរត់បន្តទៀតទេ ដោយសារទាហានវៀតណាមធ្វើការប្រយុទ្ធ និងបាញ់គ្នាហួសទៅដល់ជិតខេត្តកំពតហើយ។ ពេលនោះខ្ញុំបានវិលត្រឡប់មករស់នៅស្រុកកំណើតជាមួយឪពុកម្តាយ និងបងប្អូនវិញរហូតដល់ឆ្នាំ១៩៨២ ខ្ញុំបានរៀបការប្តីប្រកបមុខរបរធ្វើស្រែចម្ការរហ រហូតដល់ឆ្នាំចុង១៩៧៨ និងដើមឆ្នាំ១៩៧៩។ បន្ទាប់ពី សង្រ្គាមបានបញ្ចប់ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃនេះតែម្តង។ ចំពោះការឈឺចាប់របស់នាងខ្ញុំ ដែលខ្ញុំធ្លាប់បានឆ្លងកាត់ជួបការលំបាក គ្មានថ្ងៃបំភ្លេចបានឡើយ ហើយនាងខ្ញុំសូមកុំឲ្យរបបទាំងអស់នោះកើតឡើងវិញម្តងទៀត ព្រោះខ្ញុំមិនចង់ឲ្យក្មេងជំនាន់ក្រោយជួបការលំបាក និងរងភាពឈឺចាប់ទុក្ខវេទនាដូចរូបខ្ញុំឡើយ។

Share the Post:

Related Posts