ឌុច វុធ

អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើដំណើរតាមផ្លូវលំក្នុងភូមិបាក់នឹម ដែលហ៊ំព័ទ្ធជុំវិញទៅដោយជួរភ្នំ ក៏បានជួបនឹងបុរសម្នាក់ដែលមានវ័យប្រមាណ៦៦ឆ្នាំ កំពុងបោចស្មៅដាក់ជីដំណាំក្នុងស្រែ។ គាត់មានឈ្មោះ ឌុច វុធ បច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ គាត់ក៏នាំអ្នកស្ម័គ្រចិត្តចូលទៅអង្គុយលើគ្រែនៅក្បែរនោះ និងបានរៀបរាប់ពីរឿងរ៉ាវអតីតកាលរបស់ខ្លួនថា៖

 

ខ្ញុំចូលបដិវត្តន៍ខ្មែរក្រហមនៅស្រុកឈូក តំបន់៣៥ ភូមិភាគនិរតី ក្នុងឆ្នាំ១៩៧៤។ ខ្ញុំវាយជាមួយទាហាន លន់ នល់ នៅក្រុងកំពត។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យទៅឈរជើងនៅតាមព្រំដែនវៀតណាមម្តុំទូកមាស។ នៅឆ្នាំ១៩៧៧ និង ឆ្នាំ១៩៧៨ ខ្ញុំទៅវាយជាមួយវៀតណាមនៅច្រកតន់ហន់។ អំឡុងពេល ច្បាំងគ្នាជាមួយវៀតណាមកងទ័ពខ្មែរក្រហមស្លាប់និងរបួសជាច្រើន។ ខ្ញុំវាយនៅតាមសមរភូមិបានពីរដងប៉ុណ្ណោះ ក្នុងឆ្នាំ១៩៧៧ ខ្ញុំត្រូវគ្រាប់ធ្លុះភ្លៅ និងបានវះកាត់យកគ្រាប់ចេញ៧ដង។ ខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពត និងតាកែវអស់រយៈពេល២ឆ្នាំ។ ពេលដែលកងទ័ពវៀតណាមវាយចូលមក ខ្មែរក្រហមកដឹកខ្ញុំពីមន្ទីរពេទ្យទៅទុកនៅស្ទឹងភេ។ ខ្ញុំបានរត់ឡើងភ្នំ និងបន្តដំណើររហូតទៅដល់គិរីរម្យ។ រយៈពេលពីរទៅបីអាទិត្យទើបខ្ញុំត្រឡប់មកស្រុកកំណើតវិញទាំងយប់ ដោយមានស្ពាយកាំភ្លើងជាប់នឹងខ្លួនមកជាមួយ។ ខ្ញុំមកដល់ផ្ទះវិញក្នុងខែកុម្ភៈ ឆ្នាំ១៩៧៩ ពេលមកដល់ភ្លាមឪពុករបស់ខ្ញុំបាននាំខ្ញុំទៅជួបនិងរាយការណ៍ប្រាប់ឈ្លបភូមិ។ នៅខែកក្កដា ឆ្នាំ១៩៧៧ ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំជាអតីតកងនារីកាត់ដេរក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីរៀបការរួចខ្ញុំរស់នៅភូមិត្មារ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត និងមានតួនាទីជាសេនាជនភូមិ។

 

នៅយប់មួយ ខ្ញុំច្រឡំបាញ់សម្លាប់ប្អូនជីដូនមួយម្នាក់ ដោយស្មានថាជាទាហានខ្មែរក្រហម ព្រោះជំនាន់នោះក្រុមឧទ្ទាមខ្មែរក្រហមនៅរាយប៉ាយក្នុងភូមិសាស្រ្តភូមិបាក់នឹម និងស្រុកជុំគិរី មិនទាន់ចុះចូលនៅឡើយ។ ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំងចំពោះការភ័ន្តច្រឡំ និងកំហុសឆ្គងមួយនេះរហូតដល់ខ្ញុំឈប់ធ្វើជាសេនាជនភូមិ។ ដោយសារជីវភាពខ្វះខាត ខ្ញុំនិងប្រពន្ធក៏នាគ្នាចាកចេញពីស្រុកភូមិទៅរស់នៅជំរំណងចាន់ ចម្ការគ ភ្នំឆ័ត្រ និងសំពៅលូន នៅតាមព្រំដែនខ្មែរថៃ។ នៅទីនោះខ្ញុំទទួលបានការឧបត្ថម្ភមានដូចជាអង្ករ ត្រីខ មីកំប៉ុង និងខ្លាញ់ដើម្បីហូបប្រចាំថ្ងៃ។ នៅឆ្នាំ១៩៩៣ ខ្ញុំបានត្រឡប់មករស់នៅស្រុកកំណើរវិញ ដោយមានកាកបាទក្រហមជាអ្នកផ្គត់ផ្គង់ការរស់នៅអស់រយៈពេល៣ឆ្នាំ។ ក្រោយមក រាជរដ្ឋាភិបាលឲ្យប្រជាជនដែលវិលត្រឡប់មកពីជំរំទៅចាប់ដីនៅល្បើកខាងជើងស្រុកឈូក ដើម្បីដាំដំណាំនិងសាងសង់ផ្ទះ។ ពេលខ្ញុំទៅដល់ទីនោះ ក៏ត្រូវក្រុមឧទ្ទាមខ្មែរក្រហមដេញបាញ់ ហើយខ្ញុំក៏លែងទៅកាន់ទីនោះទៀត។ បន្ទាប់ពីខ្ញុំមកដល់ផ្ទះវិញរយៈពេល២ឆ្នាំ រដ្ឋាភិបាលប្រកាសឲ្យទាហានខ្មែរក្រហមដែលនៅសេសសេល់ចុះចូល ដោយមានទីកន្លែងកំណើតនៅទីណាត្រូវទៅរស់នៅទីនោះវិញ។ អំឡុងពេលនោះ ក្រុមឧទ្ទាមខ្មែរក្រហមនៅតំបន់កោះស្លា និងតំបន់ផ្សេងទៀតក៏ផ្តាច់ខ្លួនចុះចូលជាមួយរាជរដ្ឋាភិបល។ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។

អត្ថបទដោយ៖ ផាត ចាន់សុនិតា

សម្ភាសន៍៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

 

Share the Post:

Related Posts