ផ្លុង យឿន

ខ្ញុំឈ្មោះ ផ្លុង យឿន ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិធ្មារ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី​ ខេត្តកំពត ប្រកបមុខរបរធ្វើស្រែចម្ការ។ រំឭកពីអតីតកាលចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ ក្រុមគ្រួសាររបស់ខ្ញុំរស់នៅភូមិធ្មារ ប្រកបមុខរបរធ្វើស្រែចម្ការ។ នៅអំឡុងសម័យកាលនោះ ក្នុងភូមិរបស់ខ្ញុំគឺជាទីតាំងប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហម។ រៀងរាល់ថ្ងៃតែងតែមានយន្តហោះមកទម្លាក់គ្រាប់បែកក្នុងភូមិ លើផ្ទះសម្បែងប្រជាជន។   នៅពេលយប់ទាហានខ្មែរក្រហមចូលក្នុងភូមិ ដើម្បីកៀរប្រជាជនឲ្យទៅរស់នៅជាមួយក្រុមចលនាតស៊ូរបស់ខ្លួននៅក្នុងព្រៃ។ ដោយសារឃើញស្ថានភាពនៅក្នុងភូមិមិនស្រួល និងមានការភ័យខ្លាចឪពុកម្តាយរបស់ខ្ញុំបានបបួលកូនចាកចេញពីស្រុកកំណើតទៅរស់នៅពេទ្យលោកសង្ឃ ទីក្រុងភ្នំពេញ។​ អំឡុងពេលនោះ សភាពការណ៍របស់ប្រទេសកម្ពុជាធ្លាក់ទៅក្នុងភាពច្របូកច្របល់ពេញផ្ទៃប្រទេស ដោយទាហានខ្មែរក្រហមនិងទាហាន លន់ នល់​ ប្រយុទ្ធគ្នារាល់ថ្ងៃ។ ខ្មែរក្រហមវាយកាន់កាប់ភូមិឃុំស្រុក និងមានការទម្លាក់គ្រាប់បែកទៅលើវៀតណាមខាងជើងនៅលើទឹកដីកម្ពុជា។ នៅទីក្រុងភ្នំពេញម្តុំព្រលានយន្តហោះពោធិ៍ចិនតុង, ផ្សារដើមគរ និងស្ទឹងមានជ័យ ត្រូវកងកម្លាំងខ្មែរក្រហមបាញ់ផ្លោងចូលជារៀងរាល់ថ្ងៃ បណ្តាលឲ្យមនុស្សស្លាប់ និង របួសជាច្រើននាក់។

 

រហូតដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥​ កងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។ មួយម៉ោងក្រោយមក កងកម្លាំងខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយលើកហេតុផលថា នឹងមានយន្តហោះមកទម្លាក់គ្រាប់បែក និងដើម្បីបោសសម្អាតខ្មាំង មួយវិញទៀតខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារនៅទីក្រុង។ ខ្មែរក្រហមប្រាប់ប្រជាជនថាចាកចេញត្រឹមតែរយៈពេល៧ថ្ងៃ នឹងឲ្យត្រឡប់មកវិញ ប៉ុន្តែនេះគ្រាន់តែជាការឃោសនាបោកប្រាស់របស់ខ្មែរក្រហមតែប៉ុណ្ណោះ ប្រជាជនទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកភ្នំពេញវិញឡើយ។ ខ្ញុំនឹងគ្រួសារធ្វើដំណើរចាកចេញពីទីក្រុងតាមបណ្តោយផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់តំបន់អង្គប្រូច ខេត្តតាកែវ។ ខ្ញុំឈប់សម្រាកនៅអង្គប្រូចរយៈពេល៣ថ្ងៃ ខ្មែរក្រហមបញ្ជាឲ្យខ្ញុំធ្វើដំណើរឆ្លងកាត់ភ្នំជ្រៃអូព្នៅ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ភូមិបឹង ឃុំតាកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ហើយឈប់សម្រាកបានរយៈពេល១០ថ្ងៃ។ បន្ទាប់មក ខ្មែរក្រហមចាត់ឲ្យខ្ញុំចេញដំណើរមករស់នៅភូមិត្រាញ់ ឃុំរលាំងកែន អស់រយៈពេល៥ខែ។ នៅទីនោះខ្មែរក្រហមមិនទាន់បែងចែកប្រជាជនថ្មី និងប្រជាជនចាស់នោះទេនៅកងចល័ត គឺរស់នៅតាមផ្ទះហូបចុករៀងៗខ្លួន។ មេភូមិបើករបបអង្ករ  ក្នុងមួយគ្រួសារអង្ករមួយកំប៉ុង ពោត៥កំប៉ុង។ ប្រជាជនក្នុងភូមិជួបការលំបាកជាខ្លាំង ដោយសារខ្វះខាតអាហារ។

 

នៅអំឡុងឆ្នាំ១៩៧៦ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនរស់នៅក្នុងភូមិត្រាញ់ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវផ្លាស់ទៅរស់នៅភូមិរការ។ នៅទីនោះខ្មែរក្រហមចាត់ខ្ញុំឲ្យរស់នៅកងកុមារភូមិបឹង ឃ្លាតឆ្ងាយពីគ្រួសារ។ ខ្មែរក្រហមបង្ខំខ្ញុំឲ្យកាប់ដីដំបូក កាប់ទន្រ្ទានខែត្រ រ៉ែកភក់បឹង ដាក់ក្នុងស្រែធ្វើជីអស់រយៈពេល១៥ថ្ងៃ។ ក្រោយមក ខ្មែរក្រហមផ្លាស់ខ្ញុំឲ្យទៅរស់នៅភូមិរុន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីឃ្វាលគោអស់រយៈពេល៣ខែ ក៏បន្តជម្លៀសខ្ញុំទៅកាន់ភូមិថ្មីក្រាំងកន្ធរ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅទីនោះ ខ្មែរក្រហមបញ្ជាខ្ញុំឲ្យជីកប្រឡាយ រ៉ែកដីដំបូក កាប់ទន្រ្ទានខេត្រ ដកស្ទូង តាមពេលវាលាតាមរដូវកាលដូចជារដូវដកស្ទូង រដូវច្រូតកាត់ រដូវជីកប្រឡាយ រហូតដល់ឆ្នាំ១៩៧៩ ទើបកងទ័ពរណសិរ្សចូលមករំដោះទាំងស្រុង រូបខ្ញុំនិងគ្រួសារបានធ្វើដំណើរមកកាន់ភូមិកំណើតនៅធ្មារ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ដោយប្រកបមុខរបរធ្វើស្រែចម្ការដល់សព្វថ្ងៃ។

Share the Post:

Related Posts