ម៉ៅ ឌឿន

បុរសម្នាក់មានវ័យប្រមាណ៦៩ឆ្នាំ កំពុងអង្គុយនៅក្នុងខ្ទមរបស់គាត់ ដែលមានដើមឈើព័ទ្ធជុំវិញម្លប់ត្រឈឹងត្រឈៃ។ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានចូលទៅជម្រាបសួរគាត់។ បន្ទាប់ពីសួរសុខទុក្ខគាត់រួច លោកអ៊ំក៏បានរៀបរាប់អំពីរឿងរ៉ាវរបស់គាត់ថា៖ កាលពីកុមារខ្ញុំរៀនដល់ថ្នាក់ទី៧ សង្គមចាស់។ បន្ទាប់ពីព្រឹត្តិការណ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រជាជនក៏ផ្ទុះបាតុកម្មប្រឆាំងនឹង លន់ នល់ ហើយខ្ញុំក៏ឈប់រៀន។ បន្ទាប់មក ខ្ញុំនិងគ្រួសារបានផ្លាស់ទៅរស់នៅស្រុកព្រះស្តេច និងបានចូលធ្វើកងទ័ពតំបន់២៤។ ពេលខ្ញុំចូលកងទ័ពដំបូង នៅធ្វើជានីរសាររត់សំបុត្រពីមន្ទីរយោធា ទៅសមរភូមិ។ ប្រធានតំបន់២៤ ឈ្មោះ ឈូក។ ពេលនោះ ខាងកងទ័ពខ្មែរក្រហមនៅភាគខាងកើតទន្លេមេគង្គ ចំណែក ខាងទ័ព លន់ នល់ នៅភាគខាងលិចទន្លេមេគង្គ។

 

នៅឆ្នាំ១៩៧៥ បន្ទាប់ខ្មែរក្រហមចូលកាន់អំណាច ខ្ញុំត្រូវបានអង្គការបញ្ជូនឲ្យទៅនៅខាងឡូតិ៍នេសាទ ស្រុកព្រះស្តេច ដើម្បីរកត្រីផ្គត់ផ្គង់សហករណ៍ធ្វើប្រហុក ផ្អក។ នៅក្នុងអង្គភាពឡូតិ៍នេសាទមានសមាជិកប្រមាណ២០នាក់។ ប្រជាជនធ្វើការនៅឡូតិ៍នេសាទមានអាហារហូបគ្រប់គ្រាន់។ នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំឃើញប្រជាជននាំគ្នាជ្រួលច្របល់ទើបដឹងថាវៀតណាមវាយចូលមក ហើយខ្ញុំក៏ត្រឡប់មកស្រុកវិញ។ ពេលនោះប្រធានសហករណ៍បានដឹកនាំប្រជាជនរត់ពីស្រុកព្រះស្តេចរហូតទៅដល់ស្រុកពាមជរ។ បន្ទាប់មក ខ្ញុំក៏ត្រឡប់មកផ្ទះវិញ និងបានចូលបម្រើការងារជាយោធាឃុំ និងដើរប្រមូលប្រុសៗនៅក្នុងភូមិចូលធ្វើយោធាដើម្បីឡើងទៅវាយនៅសមរភូមិ។ ក្រោយមក ដោយសារខ្ញុំមិនអាចប្រមូលប្រុសៗនៅភូមិបាន ទើបខ្ញុំសម្រេចចិត្តទៅសមរភូមិខ្លួនឯង។ បន្ទាប់ពីខ្ញុំហ្វឹកហាត់យោធានៅខេត្តព្រៃវែងរួច ខ្ញុំត្រូវបានបញ្ជូននៅក្នុងកងពលលេខ៤។ ខ្ញុំត្រូវចាត់ឲ្យទៅឈរជើងនៅ ស្រអែម ខេត្តព្រះវិហារ រួចមកហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តទ័ពបន្ថែមនៅភ្នំពេញ។ បន្ទាប់ពីហាត់រៀនចប់ ខ្ញុំផ្លាស់ទៅនៅកងពលលេខ៥ឈរជើងនៅត្រែងត្រយឹង តាមផ្លូវជាតិលេខ៤ និងថ្មបាំងវិញ។ នៅឆ្នាំ២០០១ ខ្ញុំត្រូវផ្លាស់មកកងពលលេខ១១ និងរស់នៅបាក់នឹមរហូតមកដល់សព្វថ្ងៃ។

អត្ថបទ៖ ផាត ចាន់សុនិតា

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣

Share the Post:

Related Posts