សុខ ដេម

បន្ទាប់ពីធ្វើដំណើរអស់ជាច្រើនគីឡូតាមផ្លូវលំបត់ចុះបត់ឡើងតាមភ្លឺស្រែ អ្នកស្ម័គ្រចិត្តកម្ពុជាក៏បានមកដល់ជើងភ្នំវិហារ។ នៅក្បែរនោះមានផ្ទះមួយខ្នង ក្រលេកពីចម្ងាយយើងឃើញលោកអ៊ំម្នាក់កំពុងពុសអុសដុត។ គាត់មានឈ្មោះ សុខ ដេម ភេទប្រុស អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គជោត ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ គាត់បានរៀបរាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖ កាលពីកុមារ ខ្ញុំរៀនដល់ថ្នាក់ទី៨ចាស់ នៅវត្តអង្គជោត។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើងខ្ញុំក៏ឈប់រៀន។ នៅឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមវាយកាន់កាប់ទឹកដីនៅតាមស្រុកឈូក ស្រុកអង្គរជ័យ ស្ទើរតែទាំងស្រុងនៅសល់តែទីរួមខេត្តប៉ុណ្ណោះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ ក្នុងឆ្នាំ១៩៧៤ ខ្មែរក្រហមបង្កើតក្រុមសាមគ្គីបង្ករបង្កើនផល។ ខ្ញុំរៀបការនៅឆ្នាំ១៩៧៣ និងផ្លាស់មករស់នៅខាងប្រពន្ធប្រកបរបរធ្វើស្រែចម្ការ នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ដែលពីមុនស្ថិតក្នុងឃុំក្រាំងស្នាយ ស្រុកឈូក។ នៅពេលនោះស្រុកឈូកមានព្រំប្រទល់រហូតដល់ត្រពាំងអណ្តើក និងស្រុកកំពត។ ចំពោះស្រុកជុំគិរី និង ស្រុកដងទង់បច្ចុប្បន្នគឺទើបតែបំបែកចេញពីស្រុកឈូកក្រោយពីរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំរស់នៅភូមិត្រពាំងឈឺទាលនេះដដែលរហូតដល់ឆ្នាំ១៩៧៩ ទើបខ្ញុំរត់ទៅជាមួយប្រជាជនផ្សេងទៀត រហូតទៅដល់ខេត្តពោធិ៍សាត់រយៈពេល២ខែអស់ស្បៀង ទើបត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៩៣ មានអ៊ុនតាក់ចូលមក។ ឆ្នាំ១៩៩៥ ខ្ញុំនិងអ្នកភូមិនាំគ្នាមកកាប់គាស់រុករានព្រៃធ្វើចម្ការ និងរស់នៅភូមិបាក់នឹម ឃុំច្រេសជាមួយប្រពន្ធកូនរហូតមកដល់សព្វថ្ងៃ។

អត្ថបទ៖ ផាត ចាន់សុនិតា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

Share the Post:

Related Posts