សំ ណុំ

ក្រលេកមើលជុំវិញភូមិសម្បូរទៅដោយធម្មជាតិពណ៌ប៉ៃតងខ្ចី អមដោយជួរភ្នំព័ទ្ធជុំវិញ។ អ្នកស្ម័គ្រចិត្តកម្ពុជាកំពុងធ្វើដំណើរលើផ្លូវភ្លឺស្រែ ឆ្ពោះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីដើរកាត់តាមវាលស្រែចម្ងាយប្រហែល៣គីឡូ ក៏ទៅដល់ផ្ទះមួយខ្នងនៅជាប់ជើងភ្នំដំរីរមៀល។​ យើងក្រលេកឃើញបុរសម្នាក់កំពុងកាន់ចបកាប់ដីដាំដំណាំនៅក្នុងស្រែក្បែរផ្ទះរបស់គាត់។ ពេលឃើញអ្នកស្ម័គ្រចិត្តកម្ពុជាទៅដល់គាត់ក៏យកក្រមាទទូក្បាលជូតញើសដើរសំដៅមកអង្គុយលើគ្រែមុខផ្ទះ។ បុរស់វ័យ៦៣ឆ្នាំម្នាក់នេះមានឈ្មោះ សំ ណុំ គាត់មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ ដោយសារអាយុកាន់តែច្រើននិងជួបការលំបាកវេទនាពីសម័យសង្រ្គាមធ្វើឲ្យគាត់មានអាការៈញ័រដៃញ័រជើង។ គាត់បានរំឭកអំពីរឿងរ៉ាវចងចាំមិនភ្លេចពីសម័យខ្មែរក្រហមមកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖  ក្រោយពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គការចាត់ឲ្យធ្វើការនៅកងចល័ត។ ថ្ងៃមួយខ្ញុំមានជម្លោះជាមួយអ្នកធ្វើការក្នុងក្រុម។ ប្រធានកងចល័តបានបញ្ជាឲ្យខ្ញុំជីករណ្តៅ បន្ទាប់ពីខ្ញុំជីករួចប្រធានកងនោះបានច្រានខ្ញុំទម្លាក់ចូលរណ្តៅ និងកប់ខ្ញុំត្រឹមករ។ មិត្តភក្តិរបស់ខ្ញុំម្នាក់បានរត់យកដំណឹងនេះទៅប្រាប់ឪពុករបស់ខ្ញុំដែលធ្វើការនៅខាងសេដ្ឋកិច្ចតំបន់១០៧។ គ្រាន់តែដឹងរឿងនេះភ្លាម ឪពុករបស់ខ្ញុំបានជិះកង់មកជួយកាយដីយកខ្ញុំចេញពីរណ្តៅ និងទះកំភ្លៀងប្រធានកងនោះ ព្រមទាំងគម្រាមយកប្រធានកងនោះទៅសម្លាប់ចោល។

 

ក្រោយមកនៅឆ្នាំ១៩៧៨ខ្មែរក្រហមបានចាត់ខ្ញុំឲ្យទៅធ្វើកងទ័ពច្បាំងជាមួយវៀតណាម។ អំឡុងពេលច្បាំងគ្នា ខ្ញុំត្រូវអត់បាយ ព្រោះកងទ័ពវៀតណាមបានវាយផ្តាច់មិនឲ្យអ្នកជញ្ជូនស្បៀងអាហារចូលដល់សមរភូមិមុខ។ កងទ័ពណាដែលរត់ចោលជួរ ឬដកថយមកសមរភូមិក្រោយនឹងត្រូវខ្មែរក្រហមចាប់យកទៅដាក់គុកភ្នំសន្លុង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ពេលវៀតណាមវាយចូលមកខ្លាំង ខ្ញុំបានរត់ភៀសខ្លួនឡើងលើភ្នំ។ ពេលរស់នៅលើភ្នំពុំមានអាហារសម្រាប់ហូបនោះទេ ខ្ញុំត្រូវជីកមើមក្តួចត្រាំបួនទៅប្រាំថ្ងៃទើបអាចហូបបាន។ ក្រោយមក ខ្ញុំបានចុះពីលើភ្នំមកបន្លំខ្លួនជាមួយប្រជាជនរកស៊ីលក់ប្រហុក។ ថ្ងៃមួយកងទ័ពវៀតណាមឃើញស្បែកជើងកង់ឡានខ្ញុំពាក់ក៏ដឹងភ្លាមថា ខ្ញុំគឺជាកងទ័ពខ្មែរក្រហមទោះបីខ្ញុំបានយកស្បែកជើងនោះទៅជ្រលក់ជាមួយភក់ដើម្បីកុំឲ្យកងទ័ពវៀតណាមចំណាំក៏ដោយ។ កងទ័ពវៀតណាមបានចាប់ខ្លួនខ្ញុំយកទៅសួរនាំ។ បន្ទាប់ពីសួរនាំរួច កងទ័ពវៀតណាមបានឲ្យបាយខ្ញុំហូបមួយចម្អែត រួចហើយជូនខ្ញុំទៅស្រុកកំណើតជួបជុំឪពុកម្តាយនៅខេត្តតាកែវវិញ។

 

បន្ទាប់ពីឆ្នាំ១៩៧៩ ខ្ញុំចូលរៀនអក្សរនៅសាលា ហើយក៏ឈប់រៀនវិញ ដោយសារជីវភាពខ្វះខាត។ នៅឆ្នាំ១៩៨៦ ខ្ញុំចូលធ្វើទាហានវរ៨១ នៅខេត្តតាកែវ និងបានទៅហ្វឹកហាត់នៅភ្នំពេញ។ ក្រោយពីរៀនចប់ខ្ញុំត្រូវចាត់ឲ្យទៅនៅកងពលលេខ៤។ ពេលនោះ ខ្ញុំទៅច្បាំងជាមួយខ្មែរក្រហមនៅតំបន់បរឡាង ខេត្តប៉ៃលិន។ ខ្ញុំនៅប៉ៃលិន និងឈរជើងជាមួយកងទ័ពវៀតណាមរយៈពេល៣ឆ្នាំច្បាំងជាមួយខ្មែរក្រហម។ នៅឆ្នាំ១៩៨៩ មានកិច្ចព្រមព្រៀងឲ្យវៀតណាមដកទ័ពចេញពីកម្ពុជា។ ពេលភាគីវៀតណាមដកកម្លាំងទ័ពចេញទៅវិញ ខាងភាគីខ្មែរក្រហមបានវាយចូលមកកៀកក្រុងបាត់ដំបង។ ពេលនោះ ខាងភាគីរដ្ឋកម្ពុជាបានប្រមូលកងទ័ពមកពីគ្រប់តំបន់រួមទាំងភ្នំពេញដើម្បីទៅទប់ទល់ជាមួយកងទ័ពខ្មែរក្រហម នៅបាត់ដំបង ប៉ៃលិន កោះកុង និងថ្មដាពោធិ៍សាត់។

 

ក្រោយមក នៅឆ្នាំ១៩៩៦ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រុមឧទ្ទាមខ្មែរក្រហមនៅតំបន់ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមការគ្រប់គ្រងរបស់ កែវ ពង់ បានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ពេលនោះ ទាហានខ្មែរក្រហមដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សំ ប៊ិត ដែលមានមូលដ្ឋានធំនៅតំបន់តាកែនកោះស្លា បានបញ្ជាមកមេខ្មែរក្រហមនៅភ្នំដំរីរមៀលឲ្យធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាល។ កម្មវិធីនៃការចុះចូលធ្វើនៅខេត្តកំពត។ ក្រោយមក ខ្ញុំក៏បានមករស់នៅភូមិបាក់នឹម ដោយតួនាទីជាវរសេនីយ៍ឯក។ ខ្ញុំទើបតែចូលនិវត្តន៍នាឆ្នាំ២០២១នេះ។ សព្វថ្ងៃខ្ញុំនៅផ្ទះប្រកបរបរធ្វើស្រែចម្ការដំណាំនៅផ្ទះ។

អត្ថបទដោយ៖ ផាត ចាន់សុនិតា

Share the Post:

Related Posts