ស៊ិន ណែត

ខ្ញុំឈ្មោះ ស៊ិន ណែត អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិឈើទាលជ្រុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ហេង ម៉ា និងមានកូនចំនួន៤នាក់។ បច្ចុប្បន្ន ខ្ញុំគឺជាកងទ័ពនៅកងពលតូចថ្មើរជើងលេខ៣១ វារៈសេនាតូច១៦២ កងពលធំលេខ៥។ នៅចន្លោះ ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្ញុំបានរួចរស់ពីការធ្វើទារុណកម្មនិងការកាប់សម្លាប់ពីរបបខ្មែរក្រហម។ ខ្ញុំបានចូលរៀននៅឆ្នាំ១៩៨២ នៅសាលាបឋមសិក្សាភូមិឈើទាលជ្រុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត រហូតដល់ឆ្នាំ១៩៩០។ ខ្ញុំរៀនដល់ថ្នាក់ទី៨ ដោយសារជីវភាពខ្វះខាត ខ្ញុំក៏សម្រេចលាឈប់ពីការសិក្សាទៅធ្វើជាកម្មករនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៩២ និង បានផ្លាស់ទៅធ្វើជាកម្មករនៅខេត្តព្រះសីហនុរហូតដល់ឆ្នាំ១៩៩៥។ ក្រោយមក ខ្ញុំបានចូលបម្រើការងារកងទ័ពនៅខេត្តតាកែវ ហើយក៏ប្តូរទៅវារៈសេនាតូច១៦២ កងពលធំលេខ៥ ឈរជើងនៅថ្មរបាំង ខេត្តកោះកុង។ បន្ទាប់មក ខ្ញុំផ្លាស់ពីថ្មបាំង ខេត្តកោះកុងមកនៅតំបន់បាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅឆ្នាំ២០០៨ ខ្ញុំត្រូវទៅឈរជើងនៅព្រំដែនតំបន់ប្រាសាទព្រះវិហាររយៈពេល៩ខែ។ នៅឆ្នាំ២០១១ ខ្ញុំទៅឈរជើងនៅតំបន់ព្រំដែនកោះកុង។ រហូតដល់ឆ្នាំ ២០១៧ ខ្ញុំទៅឈរជើងនៅព្រំដែនកម្ពុជាឡាវ ខេត្តស្ទឹងត្រែងអស់រយៈពេល១ឆ្នាំ រួចខ្ញុំក៏ផ្លាស់មករស់នៅតំបន់បាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត រហូតដល់ពេលបច្ចុប្បន្ន។

 

អត្ថបទ៖ ណូន ឆៃឡែន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា

Share the Post:

Related Posts