ស៊ូ យីម

ខ្ញុំឈ្មោះ ស៊ូ យីម ភេទស្រី កើតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៦៣ អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិដានគោម ឃុំប្រភ្នំ ស្រុកអង្គរជ័យខេត្តកំពត។ បច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានឪពុកឈ្មោះ ស៊ូ គិត ម្តាយឈ្មោះ នាង អ៊ឹប។ ខ្ញុំជាកូនទី១ក្នុងចំណោមបងប្អូនចំនួន១១នាក់ ស្រី០៦នាក់។ ឈ្មោះ ស៊ូ យីម មិនបានរៀនសូត្រនោះទេពីសង្គម ដោយសារក្រុមគ្រួសារខ្ញុំមានជីវភាពក្រីក្ររ ខ្ញុំត្រូវនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្តាយ និងមើលប្អូនៗ។ ខ្ញុំត្រូវប្រធានកងចាត់ឲ្យធ្វើការងារដូចជា នៅតាមកងចល័ត។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំបានឡើងធ្វើការងារជាកងនារី ដោយប្រធានកងនារីរបស់ខ្ញុំមានឈ្មោះ ត្រប់ ហើយបានបែងចែកឲ្យខ្ញុំធ្វើការងារនៅតាមកងកុមារ ដោយការងាររបស់ខ្ញុំពេលនោះគឺដើររើសអាចម៍គោនៅក្នុងភូមិដានគោម ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត រួមទាំងដើរកាប់ទន្រ្ទានខែត្រចិញ្រាំ លាយជាមួយអាចម៍គោធ្វើជី រយៈពេល១៥ថ្ងៃ។ លុះដល់រដូវវស្សា ប្រធានកងនារី បានប្រើឲ្យក្រុមរបស់ខ្ញុំរ៉ែកជីនោះយកទៅដាក់តាមស្រែ និងយកជីនោះទៅដាំដំឡូងជ្វា និងដាក់ដំណាំផ្សេងៗទៀត លុះមកដល់ឆ្នាំ១៩៧៨ នាងខ្ញុំបានចូលទៅធ្វើការងារកងចល័តវិញ គឺកងចល័តនារីនៅអន្លង់ទៀន ស្រុកកោះអណ្តែត ខែត្តតាកែវ ដោយជីកប្រឡាយធ្វើជាទំនប់នៅប្រឡាយ០១ រហូតដល់ស្រុកកោះអណ្តែត ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ១។ តានោះប្រើឲ្យអូនប្រើអ្នកស្ម័គ្រចិត្តឲ្យទៅធ្វើកម្មករនៅដីចម្ការបាក់នឹមទៀតហើយ។

 

ចំពោះរបបហូបចុកគឺហូបបរបរជាមួយនឹងសម្លរព្រលឹតក្នុងចំណោមមនុស្ស១០នាក់ បបរអង្ករតែ២កំប៉ុង។ ខ្ញុំចាប់ផ្តើមធ្វើការងារចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១២ ថ្ងៃត្រង់ និងចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង៥ល្ងាច ទើបសម្រាកមុជទឹកហូបបបរ។ រីឯ ការស្លៀកពាក់វិញគឺមានតែអាវ និងសំពត់ខ្មៅ២កំប្លេរចាស់ៗ និងក្រម៉ាមួយនិងតម្រូវឲ្យកាត់សក់ត្រឹមកគ្រប់គ្នា។ ខ្ញុំនៅកងចល័តនារីរហូតដល់ឆ្នាំ១៩៧៩ ក៏មានគ្រាប់ផ្លោងរបស់ទាហានវៀតណាមមកលើប្រជាជនខ្មែរនៅតំបន់ភ្នំខ្វាម និងភ្នំសំបុកមាន់ ខាងកើតស្រុកកោះអណ្តែត ខេត្តតាកែវ។ នៅពេលមានការផ្លោងគ្រាប់កំភ្លើងតូចធំ ទម្លាក់គ្រាប់ និងគ្រាប់កាំភ្លើងចូល ខ្ញុំរត់មកចូលស្រុកកំណើតវិញ។ បន្ទាប់មកខ្ញុំក៏រត់បន្តទៅខាងលើម្តុំភ្នំនារាយ ស្រុកឈូក ខេត្តកំពតទើបបានជួបជាមួយឪពុកម្តាយ បងប្អូនក្រុមគ្រួសារ។ ពេលខ្ញុំរត់ដល់ភូមិនោះខ្ញុំមិនបានរត់បន្តទៀតទេ ដោយសារទាហានវៀតណាមធ្វើការប្រយុទ្ធ និងបាញ់គ្នាហួសទៅដល់ជិតខេត្តកំពតហើយ។ ពេលនោះខ្ញុំបានវិលត្រឡប់មករស់នៅស្រុកកំណើតជាមួយឪពុកម្តាយ និងបងប្អូនវិញរហូតដល់ឆ្នាំ១៩៨២ ខ្ញុំបានរៀបការប្តីប្រកបមុខរបរធ្វើស្រែចម្ការរហូតដល់ឆ្នាំចុង១៩៧៨ និងដើមឆ្នាំ១៩៧៩។ បន្ទាប់ពី សង្រ្គាមបានបញ្ចប់ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃនេះតែម្តង។ ចំពោះការឈឺចាប់របស់នាងខ្ញុំ ដែលខ្ញុំធ្លាប់បានឆ្លងកាត់ជួបការលំបាក គ្មានថ្ងៃបំភ្លេចបានឡើយ ហើយនាងខ្ញុំសូមកុំឲ្យរបបទាំងអស់នោះកើតឡើងវិញម្តងទៀត ព្រោះខ្ញុំមិនចង់ឲ្យក្មេងជំនាន់ក្រោយជួបការលំបាក និងរងភាពឈឺចាប់ទុក្ខវេទនាដូចរូបខ្ញុំឡើយ។

 

នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាត់បង់ពូម្នាក់ឈ្មោះ ពូ សុខ និង អ៊ី ម្នាក់ឈ្មោះអ៊ី អែម។ មុនពេលដែលពួកគាត់បាត់ខ្លួនគាត់ធ្វើការងារគឺជាកងចល័ត។ បន្ទាប់ពី គាត់ទាំងពីរបាត់ខ្លួន ខ្ញុំបានទៅសួរទៅពួកខ្មែរក្រហម ប៉ុន្តែខ្មែក្រហមឆ្លើយថា កុំបារម្ភអី គាត់ទាំងពីមិនទៅណាទេ ពេលនេះគាត់បានក្លាយជាមនុស្សពេញសិទ្ធរបស់អង្គការហើយកុំគិតច្រើន សំខាន់ខិតខំធ្វើការងារជូនអង្គការទៅប្រសើរជាងគិតអីផ្តេសផ្តាស។ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំតែងតែនិយាយប្រាប់កូនចៅនិងក្មេងជំនាន់ក្រោយឲ្យស្តាប់ និងបានយល់ដឹងពីប្រវត្តិតស៊ូ របស់ខ្ញុំអំឡុងពេលសម័យសង្រ្គាម។ ចំពោះអារម្មណ៍ របស់នាងខ្ញុំសព្វថ្ងៃនេះវិញមិនចង់ឲ្យរបបទាំងនេះវិលត្រឡប់មកវិញឡើយ ព្រោះមានការលំបាកវេទនាក្រៃលែង។

Share the Post:

Related Posts