អាន គុម

ខ្ញុំឈ្មោះ អាន គុម កើតនៅឆ្នាំ១៩៤៧ មានស្រុកកំណើតនៅ ភូមិស្រែជា ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ សព្វថ្ងៃ ខ្ញុំមានអាយុ៧៦ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីវ័យកុមារ ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារខ្វះខាត ខ្ញុំត្រូវនៅផ្ទះជួយការងារស្រែចម្ការឪពុកម្តាយរហូតដល់វ័យជំទង់ទើបបានចូលរៀនអក្ខរកម្មរយៈពេល១ឆ្នាំ ប៉ុន្តែខ្ញុំមិនចេះអក្សរនោះទេ។ លុះមកដល់ឆ្នាំ១៩៧០ ខ្ញុំរៀបការចាកចេញពីឪពុកម្តាយ ទៅបង្កើតក្រុមគ្រួសារមួយ ដោយប្រកបមុខរបរធ្វើស្រែចម្ការ និងបានផ្លាស់ទីលំនៅមករស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ជាមួយស្វាមី។ បន្ទាប់ពីរៀបការរួចបីខែ ខ្ញុំក៏មានផ្ទៃពោះ។ ក្រោយពេល ការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ មានការដាក់ពង្រាយកងកម្លាំងធីវគី នៅភូមិស្រែជា​ និងភូមិដានគោមខាងត្បូង។ លុះឈានចូលដល់រដូវវស្សាគ្រួសាររបស់ខ្ញុំបានភ្ជួររាស់សាបព្រួសគ្រាប់ពូជ។  ចំណែក ខ្ញុំដើរស៊ីឈ្នួលដកសំណាប ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងមានការខ្វះខាត។

 

ថ្ងៃមួយពេលខ្ញុំកំពុងដកសំណាបនៅក្នុងស្រែស្រាប់តែឮសម្លេងសន្ធឹកអ្វីមិនដឹង ខ្ញុំងើបពីដកសំណាបសម្លឹងរកមើលប្រភពសម្លេង ស្រាប់តែពេលនោះ ខ្ញុំឃើញរថក្រោះចំនួន៧គ្រឿង បើកចេញពីភ្នំសែនហានឆ្ពោះមកកាន់ភូមិរបស់ខ្ញុំ។ បន្ទាប់មក ក៏ផ្ទុះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងមានការបាញ់ផ្លោងគ្រាប់របស់រថក្រោះទាហានធីវគី។ ខ្ញុំនិងអ្នកភូមិនាំគ្នារត់គេចខ្លួនទៅដល់ភ្នំមួយ ដែលអ្នកភូមិហៅថាតំបន់ភ្នំក្រោលរួចក៏នាំគ្នាពួនសំងំលាក់ខ្លួននៅទីនោះបណ្តោះអាសន្ន រហូតដល់ពេលការប្រយុទ្ធគ្នាមានសភាពស្ងប់ស្ងាត់ទើបត្រឡប់ចូលភូមិវិញ។ ក្រោយមកទៀត នៅវេលាថ្ងៃត្រង់ថ្ងៃមួយ ខ្ញុំកំពុងងូតទឹកពាងនៅខាងក្រោយផ្ទះ ស្រាប់តែឮសន្ធឹកសម្លេងម្តងទៀត ខ្ញុំក្រលេកទៅឃើញមានយន្តហោះជាច្រើនគ្រឿងហោះខ្វាត់ខ្វែងពីលើភូមិរួចក៏ទម្លាក់គ្រាប់ និង បាញ់ផ្លោងព្រោងព្រាត។ ខ្ញុំ និង គ្រួសារនាំគ្នារត់ទៅពួនក្នុងរណ្តៅត្រង់សេដែលបានជីករួចស្រេចនៅជុំវិញផ្ទះ ដែលមានចំនួន៧រណ្តៅ។ យើងមិនដឹងថាសង្រ្គាមនឹងកើតឡើងមកដល់ក្នុងភូមិពេលណានោះទេ ដូចនេះមិនថារត់ទៅដល់ទីកន្លែងណា យើងតែងតែជីកត្រង់សេត្រៀមទុកមុន។

 

បន្ទាប់ពី ខ្មែរក្រហមចូលកាន់កាប់គ្រប់គ្រងនៅក្នុងភូមិ បានចាត់ខ្ញុំឲ្យទៅធ្វើការងារជាក្រុមនៅតាមទីកន្លែងផ្សេងៗគ្នាដូចជា កងជី, កងបាចទឹក, កងដកស្ទូង, កងច្រូតស្រូវ នៅភូមិអង្គខ្ជាយ។ ចំណែក កងជាន់អង្ករធ្វើនៅភូមិពន្លៃ និងធ្វើចម្ការនៅតំបន់ភ្នំត្រាំងត្រែងរហូតដល់ឆ្នាំ១៩៧៥។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចបានបញ្ជូនខ្ញុំឲ្យទៅរស់នៅភូមិ០៥ ឃុំព្រៃយុតផ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីធ្វើស្រែក្នុងមួយឆ្នាំ៣ដង។ នៅចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយដណ្តើមកាន់កាប់ស្រុកកោះអណ្តែតទាំងស្រុង។ ពេលនោះ អង្គការបានបញ្ជូនខ្ញុំមករស់នៅភូមិយល់ចេក ឃុំក្រាំងស្បែក ស្រុកទ្រាំង ខេត្តតាកែវ ដោយចាត់ខ្ញុំឲ្យធ្វើការងារនៅតាមកងនារី។ ចំពោះ របបអាហារខ្ញុំទទួលបានបរបរ ប្រសិនបើធ្វើការមិនរួចតាមផែនការ អង្គការមិនចែករបបអាហារឲ្យឡើយថែមទាំងដាក់ការងារបន្ថែមឲ្យខ្ញុំទៀត។ មានពេលមួយ ដោយសារអត់ទ្រាំនឹងភាពលំបាកមិនបាន ខ្ញុំលួចរត់គេចតែមិនបានសម្រេចក៏ត្រូវអង្គការចាប់បាននឹងដាក់ទណ្ណកម្មយ៉ាងធ្ងន់ធ្ងរ។ ក្រោយមក ខ្ញុំលួចរត់គេចមកស្រុកកំណើតវិញដែលមានចម្ងាយផ្លូវ៧០គីឡូម៉ែត្រ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាត់បង់បងប្រុសម្នាក់ ដោយត្រូវខ្មែរក្រហមចាប់ចងស្លាបសេកយកទៅសម្លាប់ ព្រោះគាត់គឺជាអតីតទាហាន លន់ នល់។

 

 

Share the Post:

Related Posts