អៀង សង

ខ្ញុំឈ្មោះ អៀង សង ភេទប្រុស អាយុ៦៦ឆ្នាំ កើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៥៧។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ អៀង ជន និងម្តាយ ឈ្មោះ ចង់ មុត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ ក្នុងចំណោមនោះស្រី៥នាក់។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងឆ្នាំ១៩៦៣ ខ្ញុំចូលរៀននៅសាលាវត្តអង្គស្តុក។ ខ្ញុំរៀនដល់ថ្នាក់ទី១១ ពីសង្គមក៏ឈប់រៀន ដើម្បីជួយធ្វើការងារស្រែចម្ការឪពុកម្តាយដែលកំពុងខ្វះខាតខ្លាំង។ នៅចុងទសវត្សទី៦០ និងដើមឆ្នាំ១៩៧០ អំឡុងពេលធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុចេញពីព្រះប្រមុខរដ្ឋ ស្ថានភាពនៅក្នុងភូមិរបស់ខ្ញុំមិនទាន់មានសង្រ្គាម បាញ់ផ្លោង និងការទម្លាក់គ្រាប់បែកនោះទេ។ ក្រោយមក ក្រុមខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិរបស់ខ្ញុំនៅឆ្នាំ១៩៧១។ នៅចន្លោះពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧៥ ខ្ញុំត្រូវខ្មែរក្រហមចាត់ឲ្យធ្វើការងារស្រែចម្ការ ជីកប្រឡាយ លើកទំនប់ នៅតាមកងចល័ត។ ក្នុងមួយកងចល័តខ្មែរក្រហមបែងចែកចំនួនមនុស្សចាប់ពី៥០នាក់ ទៅ១០០នាក់។ ប្រជាជនម្នាក់ត្រូវជីកទំនប់ជម្រៅ១ម៉ែត្រ និងបណ្តោយបីម៉ែត្រ។

នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានអាយុ១៨ឆ្នាំ។ ដោយសារ ខ្ញុំគឺជាប្រជាជនមូលដ្ឋាន ខ្មែរក្រហមចាត់ខ្ញុំឲ្យធ្វើការងារនៅតាមកងចល័តដដែល រហូតដល់ឆ្នាំ១៩៧៧ ទើបខ្មែរក្រហមបញ្ជាខ្ញុំឲ្យចូលធ្វើទាហាន និង បញ្ជូនខ្ញុំទៅឈរជើងការពារនៅតាមព្រំដែនវៀតណាម។ ចំពោះរបបអាហារហូបចុក ខ្ញុំទទួលបានអង្ករបីកំប៉ុង សម្រាប់បបរចែកសមាជិក១០នាក់។ ដោយសារតែភាពអត់ឃ្លានខ្ញុំក៏ធ្លាក់ខ្លួនឈឺ។ នៅសមរភូមិតាមព្រំដែន កម្ពុជា-វៀតណាម ខ្ញុំរងរបួសដោយសារគ្រាប់កាំភ្លើងនិងគ្រាប់ផ្លោងចំដៃស្តាំ និង ជើង។ បន្ទាប់ពីនោះ ខ្មែរក្រហមក៏បញ្ជូនខ្ញុំឲ្យមកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកគិរីវង្ស ខេត្តតាកែវ។  ក្រោយមក នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលមក ហើយផ្ទុះមានសង្រ្គាមជាមួយកងទ័ពខ្មែរក្រហមយ៉ាងខ្លាំង។ ខ្ញុំបានរត់គេចមកដល់ម្តុំអូរចំបក់ រួចក៏ចូលសម្រាកនៅទីនោះប្រហែល៣ទៅ៤យប់ ទាំងខ្លួននៅឈឺ។ បន្ទាប់ពីចេញពីទីនោះ ខ្ញុំក៏ត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំធ្លាប់ឃើញកងឈ្លបខ្មែរក្រហមចងមនុស្សផ្អោបគ្នានឹងខ្សែកៅស៊ូ ដោយផ្ទាល់ភ្នែក រួចបណ្តើរទៅសម្លាប់ទាំងខ្សែៗនៅមន្ទីរតាម៉ន ដែលមានទីតាំងស្ថិតនៅឃុំប្រភ្នំ និង ភ្នំស្រមោច ដែលទីតាំងសម្លាប់មនុស្សទាំងពីរនេះស្ថិតនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ខ្ញុំបានរៀបការប្រពន្ធនៅភូមិអង្គខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។ ក្រោយពេលរៀបការ ខ្ញុំប្រកបមុខរបធ្វើស្រែចម្ការ និង មានតួនាទីជាសេនាជនភូមិ ដើម្បីការពារភូមិឃុំរបស់ខ្ញុំ។ ក្រោយមកទៀត យោធាខ្មែរក្រហមលួចចូល ដើម្បីចាប់មេភូមិ មេឃុំ គ្រូបង្រៀន យកទៅរៀនសូត្រ ប៉ុន្តែពេលចូលមកដល់ក្នុងភូមិមានការផ្ទុះអាវុធជាមួយក្រុមសេនាជនភូមិ។  នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាត់បង់បងស្រីអស់ចំនួន២នាក់ នៅអំឡុងឆ្នាំ១៩៧៩ ប៉ុន្តែខ្ញុំមិនបានដឹងថាគាត់ស្លាប់ឬរស់ឡើយ ដោយបាត់ដំណឹងមិនឃើញគាត់វិលត្រឡប់មកស្រុកកំណើតវិញរហូតមកដល់សព្វថ្ងៃ។ អារម្មណ៍របស់ខ្ញុំ មិនអាចបំភ្លេចរឿងរ៉ាវពីរបបខ្មែរក្រហមបានឡើយ ពេលដែលខ្ញុំនឹកឃើញនូវប្រវត្តិដែលខ្ញុំធ្លាប់ឆ្លងកាត់ម្តងៗ វាហាក់ដូចជារឿងរ៉ាវទាំងនោះទើបនឹងកើតឡើងថ្មីៗ នេះអញ្ចឹង។

Share the Post:

Related Posts